www.khehaktomporrasmeikohthomtv.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, February 25, 2026

អគ្គនាយក ARDB ចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ទីតាំងប្រមូលទិញ និងកែច្នៃគ្រាប់ស្វាយចន្ទី និងដំឡូងមី ក្នុងខេត្តកំពង់ធំ និងកំពង់ចាម


(កំពង់ធំ-កំពង់ចាម)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានបន្តដឹកនាំសហការី ចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាពនៃការសាងសង់ទីតាំងប្រមូលទិញ ស្តុកទុក និងកែច្នៃកសិផលសំខាន់ៗចំនួន ០២ទីតាំង ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តកំពង់ចាម។

គោលបំណងនៃបេសកកម្មនេះ គឺដើម្បីជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្មឱ្យកាន់តែរឹងមាំ ជាពិសេសធានាឱ្យបាននូវសមត្ថភាពស្តុកទុក និងការកែច្នៃកសិផលក្នុងស្រុក ដើម្បីលើកកម្ពស់ជីវភាពកសិករ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។

ទីតាំងទាំង ០២ ដែលឯកឧត្ដមបណ្ឌិតបានចុះពិនិត្យរួមមាន៖ ១. សហគ្រាសកែច្នៃស្វាយចន្ទី CSNC Agriculture Co., Ltd: ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាចំណុចយុទ្ធសាស្ត្រក្នុងការប្រមូលទិញ និងកែច្នៃគ្រាប់ស្វាយចន្ទីឱ្យមានគុណភាពខ្ពស់ និង២. ឃ្លាំងប្រមូលទិញរបស់លោក ងួន វណ្ណៈ ស្ថិតនៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ដែលជាទីតាំងដ៏សំខាន់សម្រាប់ប្រមូលទិញ និងស្តុកទុកគ្រាប់ស្វាយចន្ទី និងដំឡូងមី ពីបងប្អូនកសិករក្នុងតំបន់។

ក្នុងឱកាសនោះ បណ្ឌិត កៅ ថាច បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ម្ចាស់សហគ្រាស និងអាជីវករ ដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម។

លោកក៏បានផ្តល់នូវអនុសាសន៍គន្លឹះៗមួយចំនួន ពាក់ព័ន្ធនឹងបច្ចេកទេសស្តុកទុក និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវគុណភាពកសិផលតាមស្តង់ដារកំណត់។

ការចុះពិនិត្យនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ធនាគារ ARDB ក្នុងការគាំទ្រផ្នែកហិរញ្ញប្បទាន និងបច្ចេកទេស ដល់តួអង្គពាក់ព័ន្ធក្នុងវិស័យកសិកម្ម ដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជា «អធិរាជស្វាយចន្ទី» និងពង្រឹងសន្តិសុខស្បៀង ក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages