(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យស្ថានភាពសំណង់ទ្វារទឹក ការដាំដើមឈើ និងការដាក់ដាំបង្គោលភ្លើងសូឡា នៅទំនប់ជ្រោយចេក ស្ថិតក្នុងឃុំទ្រាន និងឃុំស្រក ស្រុកកំពង់សៀម។
លោក អ៊ុន ចាន់ដា បានឱ្យដឹងថា ទំនប់ជ្រោយចេក គឺជាប្រភពស្តុកទឹកដ៏មានសារៈសំខាន់សម្រាប់បម្រើដល់វិស័យកសិកម្ម ការស្រោចស្រពដំណាំ និងការប្រើប្រាស់ទឹកក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ជាពិសេសទំនប់នេះបានចូលរួមចំណែកក្នុងការរក្សាតុល្យភាពធនធានទឹក និងគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព។
ដោយឡែកចំពោះសក្តានុពលទេសចរណ៍ ទំនប់ជ្រោយចេកមានទេសភាពធម្មជាតិដ៏ស្រស់ស្អាត ជាមួយនឹងផ្ទៃទឹកដ៏ធំល្វឹងល្វើយ និងបរិយាកាសដ៏ស្រស់បំព្រង ដែលមានសក្តានុពលក្នុងការអភិវឌ្ឍជាតំបន់អេកូទេសចរណ៍ធម្មជាតិ និងជាកន្លែងកម្សាន្តសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ សក្តានុពលទាំងនេះ ក៏អាចជួយបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងជំរុញសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែប្រសើរឡើងផងដែរ។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោក អ៊ុម វិបុល បានបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រទំនប់ជ្រោយចេកមានប្រភពទឹកពីទន្លេមេគង្គ និងទឹកភ្លៀង ហើយអាចស្តុកទឹកបានប្រមាណ ៩លានម៉ែត្រគូប។ ទំនប់នេះមានប្រវែង ១.៩៤៣ម៉ែត្រ ប្រឡាយមេមានប្រវែង ១.៧៨៦ម៉ែត្រ និងប្រឡាយរងមានប្រវែង ៣.៦០២ម៉ែត្រ។ លើសពីនេះ មានសំណង់ទ្វារទឹកចំនួន ២កន្លែង និងសំណង់ចែកចាយទឹកចំនួន ១០កន្លែង ដែលអាចស្រោចស្រពលើផ្ទៃដីស្រែប្រាំងប្រមាណ ១.១១៦ហិកតា៕








ប្រភព: អានពីប្រភពដើម

No comments:
Post a Comment