www.khehaktomporrasmeikohthomtv.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, October 28, 2026

ក្រសួងការងារ និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បើកសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីគោលការណ៍ណែនាំ ស្តីពីការការពារជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេសក្នុងស្ថានភាពមានវិបត្តិ

 

(ភ្នំពេញ)៖ លោក សេង សក្តា រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «គោលការណ៍ណែនាំ ស្តីពី ការការពារជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេសក្នុងស្ថានភាពមានវិបត្តិ» ​ដែលរៀបចំឡើងដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និង​មានការគាំទ្រពីសហភាពអឺរ៉ុប និងរដ្ឋាភិបាលស៊ុយអែត​។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អនុព័ន្ធការងារអមស្ថានទូតប្រចាំប្រទេសកូរ៉េ ជប៉ុន ម៉ាឡេស៊ី និងថៃ សមាគមនិយោជក ទីភ្នាក់ងារផ្តល់សេវាការងារក្រៅប្រទេស សហជីព អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា។

ថ្លែងក្នុងឱកាសនេះ លោក សេង សក្តា បានមានប្រសាសន៍ថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងប្រមូលធាតុចូល ព្រមទាំងអនុសាសន៍ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំគោលការណ៍ណែនាំដែលកំណត់យន្តការត្រៀមបង្ការ ការពារ ឆ្លើយតបបន្ទាន់ និងផ្តល់ជំនួយដល់ជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេសក្នុងពេលមានវិបត្តិ ដូចជា ជំងឺរាតត្បាត គ្រោះមហន្តរាយធម្មជាតិ និងជម្លោះប្រដាប់អាវុធ ព្រមទាំងការគាំទ្រក្រោយពេលមានវិបត្តិ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការរៀបចំគោលការណ៍ណែនាំនេះនឹងជួយពង្រឹងសមត្ថភាពរបស់មន្ត្រី និងអ្នកពាក់ព័ន្ធ ក្នុងការត្រៀមខ្លួន និងចាត់វិធានការឱ្យបានទាន់ពេលវេលា ព្រមទាំងជំរុញកិច្ចសហការរវាងក្រសួង-ស្ថាប័ន អង្គការជាតិ អន្តរជាតិ និងដៃគូពាក់ព័ន្ធ ដើម្បីធានាថាជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេសទទួលបាន​ការការពារ និងជំនួយចាំបាច់ប្រកបដោយប្រសិទ្ធភាព។

លោកបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់ក្នុងការការពារ និងលើកកម្ពស់សិទ្ធិ អត្ថប្រយោជន៍ និងសេចក្តីថ្លៃថ្នូររបស់ជនទេសន្តរប្រវេសន៍ការងារខ្មែរ​ដែលទៅធ្វើការនៅក្រៅប្រទេស តាមរយៈការដាក់ចេញ និងអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។

ជាមួយគ្នានេះ លោកបានណែនាំ និងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យចូលរួមពិភាក្សា និងផ្តល់ធាតុចូល ព្រមទាំងអនុសាសន៍ដោយផ្អែកលើជំនាញ និងបទពិសោធរៀងៗខ្លួន ដើម្បីរួមចំណែករៀបចំគោលការណ៍ណែនាំនេះឱ្យមានខ្លឹមសារគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ និងអាចយកទៅអនុវត្តបានជាក់ស្តែងប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ លោក អែនទ្រា បឺក (Andreas Berg) ភារធារីនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ព្រមទាំងតំណាងអង្គការ IOM ប្រចាំកម្ពុជា បានបញ្ជាក់ពីការគាំទ្រ និងការប្តេជ្ញាចិត្តបន្តកិច្ចសហការជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធ ក្នុងការរៀបចំ និងជំរុញការអនុវត្តគោលការណ៍ណែនាំនេះឱ្យមានប្រសិទ្ធភាព។ កិច្ចសហការនេះនឹងរួមចំណែកពង្រឹងសមត្ថភាពត្រៀមបង្ការ និងឆ្លើយតបចំពោះស្ថានភាពមានវិបត្តិ ព្រមទាំងពង្រឹងការសម្របសម្រួលរវាងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថាជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេសទទួលបានការការពារ និងជំនួយចាំបាច់ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ព្រមទាំងរក្សាបាននូវសុវត្ថិភាព សិទ្ធិ និងសេចក្តីថ្លៃថ្នូរ​៕


ប្រភព៖ https://pormeantvonline.blogspot.com/2026/10/iom.html

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages