(ខេត្តព្រៃវែង) ក្នុងបរិយាកាសប្រកួតប្រជែងដេញថ្លៃគម្រោងមូលនិធិ តាមឃុំមួយចំនួនក្នុងខេត្តព្រៃវែងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន និងទទួលការ បានអបអរសាទរយ៉ាងទូលំទូលាយ ពីសំណាក់ប្រជាពលរដ្ឋអ្នកចូលរួម ដោយសារតែការដេញថ្លៃមានភាពប្រកួតប្រជែងខ្ពស់ និងអាចសន្សំថវិកាជាតិបានយ៉ាងច្រើន។
យោងតាមកិច្ចប្រជុំទទួលសំណើដេញថ្លៃកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅសាលាឃុំព្រែកក្របៅ គម្រោងសាងសង់ផ្លូវបេតុងអាមេ ប្រវែង៤៦០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ មានតម្លៃប៉ាន់ស្មានសរុបចំនួន ២៣០,៩៦៤,៨០០រៀល។ ក្នុងចំណោមក្រុមហ៊ុនចូលរួមប្រកួតប្រជែងចំនួន៨,ខណៈនោះក្រុមហ៊ុន សម្បត្តិ សុជាតិ បានឈ្នះការដេញថ្លៃក្នុងតម្លៃត្រឹមតែ ៩៦,៩៩០,០០០រៀល បង្កើតអត្រាធ្លាក់ចុះដល់ ៦៥.៦៩% ដែលជាចំនួនសន្សំថវិកាឃុំដ៏គួរឲ្យកត់សម្គាល់សម្រាប់សហគមន៍។
លទ្ធផលនេះ បានបង្ហាញឲ្យឃើញថាប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ ដែលមានភាពបើកចំហ និងមានតម្លាភាព អាចជាគំរូល្អសម្រាប់ឃុំផ្សេងៗយកទៅអនុវត្តតាម។
មហាជនជាច្រើនបានបង្ហាញការពេញចិត្តយ៉ាងខ្លាំង ព្រោះថវិកាដែលសន្សំបាន អាចយកទៅអភិវឌ្ឍគម្រោងផ្សេងៗបន្ថែម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងការអបអរសាទរនេះ ក៏មានសំណូមពរយ៉ាងទទូច ពីសំណាក់ប្រជាពលរដ្ឋ អ្នកសង្កេតការណ៍ និងក្រុមហ៊ុនចូលរួមប្រកួតប្រជែង បានស្នើដល់មេឃុំជាប្រធានលទ្ធកម្មនៅមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ពួកគាត់ស្នើសូមឲ្យមានការត្រួតពិនិត្យបច្ចេកទេស ឲ្យបានត្រឹមត្រូវនឹងម៉ឺងម៉ាត់ ដោយប្រើប្រាស់មន្ត្រីជំនាញដែលមានសមត្ថភាពពិតប្រាកដ និងឧបករណ៍ត្រួតពិនិត្យមានគុណភាព ដើម្បីធានាថា សំណង់ផ្លូវមានភាពរឹងមាំ តាមស្តង់ដារ និងអាចប្រើប្រាស់បានយូរអង្វែង។
ជាមួយគ្នានេះផងដែរ មហាជនក៏បានសំណូមពរដល់មេឃុំ និងមន្ត្រីគ្រប់គ្រងគម្រោងទាំងអស់ ឲ្យរក្សាការស្មោះត្រង់ និងភាពថ្លៃថ្នូរ ក្នុងការគ្រប់គ្រងថវិការបស់ឃុំ ពិសេស ត្រូវគោរពតម្លៃដែលបានដេញថ្លៃឈ្នះយ៉ាងត្រឹមត្រូវ មិនគួរឲ្យកើតមានការកែប្រែ ឬបន្ថែមតម្លៃ នៅក្នុងពេលចុះកិច្ចសន្យា ដែលអាចបង្កការខាតបង់ និងប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា បទពិសោធន៍ពីអតីតកាលនៅតំបន់មួយចំនួន នឹងឃុំមួយចំនួន បានបង្ហាញពីបញ្ហាកើនតម្លៃក្រោយការដេញថ្លៃ ឈ្នះ ដែលជាហេតុធ្វើឲ្យបាត់បង់ជំនឿ ដូច្នេះ ពួកគេចង់ឃើញឃុំរនេះ ក្លាយជាគំរូល្អក្នុងការអនុវត្តគម្រោងដោយស្មោះត្រង់ និងមានប្រសិទ្ធភាពពិតប្រាកដ។
សរុបមកជារួម ការដេញថ្លៃដែលមានការប្រកួតប្រជែងខ្ពស់ គឺវាបានបង្ហាញនៅការចំណេញថវិកាសល់បានច្រើន ការទាំងអស់នេះមិនត្រឹមតែទទួលបានការសរសើរពីមហាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីសក្តានុពលនៃការគ្រប់គ្រង រៀបចំកម្មវិធីកិច្ចប្រជុំទទួលសំណើ ផ្តោតប្រសិទ្ធភាព ដោតមានការត្រួតពិនិត្យ និងអនុវត្តយ៉ាងត្រឹមត្រូវក្នុងកិច្ចប្រជុំទទួលសំណើរបស់ឃុំខាងលើនោះ៕




No comments:
Post a Comment